សារអេឡិចត្រូនិច
ស៊ុល​តង់​ហ្វីលីពីន ​និយាយ​ថា​មនុស្ស​របស់​លោក ​នឹង​ប្រយុទ្ធ​រហូត​ដល់​មនុស្ស​ចុងក្រោយ​


​ស្តេច​ស៊ុល​តង់​ហ្វីលីពីន​ដែល​ប្រកាស​ដោយ​ខ្លួន​ឯង​ម្នាក់​ ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្មាន់កាំភ្លើង​របស់​លោក​នឹង​"​ប្រយុទ្ធ​រហូត​​ដល់​សល់​មនុស្ស​ចុងក្រោយ​"​នៅពេល​ទាហាន​ម៉ាឡេស៊ី​បើក​ប្រតិបត្តិការ​បញ្ចប់​ភាព​ប្រទាញប្រទង់​អស់​ពេល​៣​សប្តាហ៍​នៅ​រដ្ឋ​សា​បា​​លើ​កោះ​ប័រណេ​អូ​។​

មេដឹកនាំ​របស់​ពួកគេ​លោក​Jamalul Kiram​ទី​៣​បាន​និយាយ​នៅ​ក្រុង​ម៉ានីល​ថា​"​ព្រះអង្គម្ចាស់​រាជទាយាទ កងកម្លាំង​សន្តិសុខ​របស់​​ព្រះអង្គ​និង​អ្នកស្នេហាជាតិ​ជាច្រើន​ដែល​បាន​ជិះ​ទូក​ទៅ​ឡើងគោក​នៅ​សា​បា​ដោយ​ស្ម័គ្រចិត្ត​នឹង​ប្រយុទ្ធ​ដល់​មនុស្ស​ចុងក្រោយ​ដើម្បី​ការពារ​ឧត្តមគតិ​និង​បំណងប្រាថ្នា​របស់​គេ​"​។​

Kiram​បាន​បញ្ជូន​ប្អូនប្រុស​Raja Muda Agbimuddin Kiram​និង​អ្នកគាំទ្រ​រាប់សិប​នាក់ ដោយ​ខ្លះ​ប្រដាប់អាវុធ ទៅកាន់​រដ្ឋ​សា​បា​​របស់​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​១២​កុម្ភៈ​ដើម្បី​អះអាង​កម្មសិទ្ធិ​ទឹកដី​ជំនួស​អោយ​អ្នក​ស្នង​រាជ​របស់​ស្តេច​ស៊ុល​តង់​មួយ​អង្គ​ដែល​ធ្លាប់​ត្រួត​​ត្រា​ផ្នែក​នៃ​កោះ​ប័រណេ​អូ រួម​មាន​រដ្ឋ​សា​បា​។​

​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​៥​មីនា​នេះ​ថា កងទ័ព​ម៉ាឡេស៊ី​បានធ្វើការ​វាយប្រហារ​លើ​ក្រុម​ប្រដាប់​​អាវុធ​ហ្វីលីពីន​មួយក្រុម​ដែល​មាន​គ្នា​ប្រហែល​១៨០​នាក់​ដែល​បាន​ចូល​មក​ស្ថិត​នៅលើ​កោះ​ប័រណេ​អូ ដែល​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែ​មុន ។

​ក្រុម​មន្ត្រី​ប៉ូលិស​ម៉ាឡេស៊ី បាន​និយាយថា ក្រុម​ប្រដាប់អាវុធ​ហ្វីលីពីន​ដែលជា​ក្រុម​អ្នកគាំទ្រ​របស់​មេដឹកនាំ​ចលនា​អ៊ីស្លាម​​ម្នាក់​ឈ្មោះ Jamalul Kiram ទី​៣ ដែល​ហៅ​ខ្លួនឯង​ថា​ស្តេច​ស៊ុល​តង់​ហ្វីលីពីន​នេះ ត្រូវ​បាន​បង្ក្រាប​និង​កំចាត់​ចោល​ទាំងស្រុង ដោយ​កងទ័ព​ម៉ាឡេស៊ី​ដែល​បាន​ធ្វើ​ការវាយប្រហារ​ដ៏​ខ្លាំង កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ តែ​ពួក​អ្នកគាំទ្រ​ពួក​សកម្មប្រយុទ្ធ​បាន​និយាយ​​ថា​ពួកគេ​បាន​គេចខ្លួន​និង​នៅ​រស់​នៅ​មាន​សុខភាព​ល្អ​។​

​ការវាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​ម៉ាឡេស៊ី​ទៅលើ​ភូមិ​មួយ​ដែល​កាន់កាប់​ដោយ​ក្រុម​ប្រដាប់អាវុធ​ហ្វីលីពីន​នៅលើ​កោះ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​ការចរចា​ដើម្បី​ដោះស្រាយ​បញ្ចប់​ភាពទាល់ច្រក​នេះ បាន​ទទួល​បរាជ័យ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​លោក​Tan Sri Omar Ismail ឧត្តមសេនីយ៍​ប៉ូលិស​ម៉ា​ឡេ​ស៊ី បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា កងទ័ព​ម៉ាឡេស៊ី​មិន​បាន​រងរបួស​ឬ​ស្លាប់​ក្នុង​ប្រតិបត្តិការ​នេះ​ទេ ប៉ុន្តែ អ្នក​ស្លាប់​និង​អ្នករបួស​សម្រាប់​ក្រុម​ប្រដាប់អាវុធ​ហ្វីលីពីន​នេះ មិន​ត្រូវ​បាន​ដឹង​ច្បាស់​នៅ​ឡើង​ទេ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក សាកសព​ខ្មាន់កាំភ្លើង​ស៊ូ​លូ​២០​នាក់​ត្រូវបាន​រកឃើញ​នៅ​ភូមិ​ដាច់ស្រយាល​មួយ​នៅ​រដ្ឋ​សា​បា​​បន្ទាប់​ពី​ប្រតិបត្តិការ​របស់​កងកម្លាំង​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អង្គារ​៕