សារអេឡិចត្រូនិច
ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក យូ​ហ្គូ ឆា​វ៉េ​ស ស្លាប់​ដោយសារ​ជំងឺមហារីក​


​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក យូ​ហ្គូ ឆា​វ៉េ​ស បាន​បាត់បង់​ការតស៊ូ​របស់​លោក​ជាមួយនឹង​ជំងឺមហារីក​កាលពី​ថ្ងៃ​អង្គារ ទី ៥ មីនា ២០១៣ ដោយ​ការស្លាប់​របស់លោក​បាន​ធ្វើ​ឲ្យ​ស្ងាត់​សម្លេង​ដឹកនាំ​របស់​អាមេរិក​ឡាទីន​និយម​ឆ្វេង និង បានធ្វើ​ឲ្យ​ប្រទេស​សម្បូរ​ប្រេង​របស់លោក​ធ្លាក់ចូល​ក្នុង​អនាគត​មិន​ប្រាកដប្រជា ។

អនុ​ប្រធានាធិបតី លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​ទ្រាំ​ទប់ទឹក​ភ្នែក​មិនបាន​ខណៈ​លោក​បានប្រកាស​មរណភាព​របស់លោក​ឆា​វ៉េ​ស​នោះ បាន​និយាយថា រដ្ឋាភិបាល​បានដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ និង ប៉ូលិស "​ដើម្បី​អម និង ការពារ​ប្រជាជន​របស់​យើង និង ដើម្បី​ធានា​សន្តិភាព​" ។

​លោក​ឆា​វ៉េ​ស​បានតែងតាំង​លោក​ម៉ា​ឌូ​រ៉ូ​ជា​អ្នក​ស្នង​របស់លោក ប៉ុន្តែ​គណបក្សប្រឆាំង​ច្បាស់​ណាស់​នឹងដាក់​សម្ពាធ​ឲ្យ​មានការ​បោះឆ្នោត​ថ្មី ហើយ​ភាព​តានតឹង​បាន​នឹង​កំពុង​កើនឡើង​ជុំវិញ​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​ថា គូប្រជែង​ក្នុងស្រុក​របស់ខ្លួន​មាន​សម្ព័ន្ធភាព​ជាមួយ​ស​ត្រូវ​បរទេស​របស់ខ្លួន ។​

​ភ្លាមៗ​បន្ទាប់ពី​មរណភាព​របស់លោក​ឆា​វ៉េ​សត្រូវ​បានប្រកាស ក្រុមមន្ត្រី​ជាន់ខ្ពស់​បាន​ចោទប្រកាន់​សត្រូវ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​ថា​បានផ្តល់​ជំងឺមហារីក​ដល់​មេដឹកនាំ​ឆ្វេងនិយម​វ័យ ៥៨ ឆ្នាំ​រូបនេះ ដែល​ទីបំផុត​បានសម្លាប់​រូបលោក ហើយ​អនុព័ន្ធយោធា​អាមេរិក​ពីរ​នាក់​ត្រូវបាន​បណ្តេញចេញ ។​

​លោក​ឆា​វ៉េ​សត្រូវ​បានទទួល​ការគោរព​ពី​សំណាក់​ក្រុម​មេដឹកនាំ​អាមេរិក​ឡាទីន មិន​ត្រឹមតែ​សម្ព័ន្ធមិត្ត​ឆ្វេងនិយម​របស់លោក​ប៉ុណ្ណោះ​ទេ តែ​មេដឹកនាំ​ពិភពលោក​ដូចជា អ្នកស្រី​ប្រធានាធិបតី​ប្រេ​ស៊ី​ល ឌី​ល​ម៉ា រូស​សេ​ហ្វ ក៏បាន​សាទរ​លោក​ថា​ជា "​ជន​អាមេរិក​ឡាទីន​ដ៏​អស្ចារ្យ​" និង ជា "​មិត្ត​របស់​ប្រជាជន​ប្រេ​ស៊ី​ល​" ផងដែរ ។​

​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សន្យាថា​សហរដ្ឋអាមេរិក​នឹង​គាំទ្រ "​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​" និង បានចាត់ទុក​មរណភាព​របស់លោក​ឆា​វ៉េ​ស​ថា​ជា "​ពេលវេលា​ដ៏​លំបាក​" ។​

​លោក​អូ​បា​ម៉ា​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​ខ្លី​មួយ​ថា "​ខណៈដែល​វេ​ណេ​ស៊ុយ​អេ​ឡា​ចាប់ផ្តើម​ទំព័រ​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញា​ចំពោះ​គោលនយោបាយ​ដែល​ជម្រុញ​គោលការណ៍​ប្រជាធិបតេយ្យ​, នីតិរដ្ឋ និង ការគោរព​សិទ្ធិមនុស្ស​" ។ ទោះយ៉ាងណា លោក​បានបង្ហាញ​ក្តីសង្ឃឹម​ថា​ទំនាក់​ទំ​ន​សហរដ្ឋអាមេរិក និង វេ​ណេ​ស៊ុយ​អេ​ឡា​នឹងមាន​ភាពប្រសើរឡើង ។​

​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ ការបោះឆ្នោត​ត្រូវធ្វើឡើង​ក្នុង​រយៈពេល ៣០ ថ្ងៃ ហើយ​ប្រធានសភា លោក ឌី​អូ​សដា​ដូ ខា​បេ​ឡូ ត្រូវតែ​ចូលមក​ដឹកនាំ​ក្នុងនាម​ជា​ប្រធានាធិបតី​ស្តីទី ប៉ុន្តែ​លោក​ឆា​វ៉េ​សបាន​ជម្រុញ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ឲ្យ​គាំទ្រ​លោក ម៉ា​ឌូ​រ៉ូ ប្រសិនបើ​លោក​គ្មាន​លទ្ធភាព​បន្ត​ដឹកនាំ​នោះ ៕