សារអេឡិចត្រូនិច
ចិន​បង្កើន​ថវិកា​ ​យោធា​ជាង​ ១០%​


ប្រទេស​ចិន​រាយ​​ការណ៍​កាលពី​ថ្ងៃ​ទី​៥ មីនា ពី​ការ​បង្កើន​ថវិកា​យោធា​យ៉ាង​ច្រើន​មួយ​ក្នុង​ឆ្នាំ​២០១៣ ដែល​នោះ​ប្រហែល​បង្កើន​ការ​ព្រួយ​បារម្ភ​របស់​បណ្តា​​ប្រទេស​ជិត​ខាង​ ខណៈ​មាន​ភាព​តាន​តឹង​ពី​រឿង​ដែន​ដី​ជាមួយ​ជប៉ុន ។ ​ថវិកា​ការពារ​របស់ចិន​ ជា​ថវិកា​ការ​ពារ​ខ្ពស់​ទី​២​លើ​ពិភព​លោក តែ​នៅ​ទាប​ជាង​សហ​រដ្ឋ​អា​មេរិក​ច្រើន​ នា​ឆ្នាំ​នេះ​ត្រូវ​បង្កើន​១០,៧%​​ដល់​៧២០​,១២​ពាន់​លាន​យន់​(៨៨,៨​ពាន់​លាន​អឺ​រ៉ូ​)។

ទោះ​បី​យ៉ាង​ណា មន្ទីរ​ប៉ង់​តា​ហ្គោន​ និង​បណ្តា​អ្នក​ជំនាញ​ការ​លោក​ខាង​លិច​អះ​អាង​ថា ការ​ចំណាយ​ខាង​យោធា​ពិត​ប្រាកដ​របស់​ក្រុង​ប៉េ​កាំង​មាន​លើស​ពី​នោះ​ច្រើន ។ យោង​តាម​លោក​ RICK FISHER នៃ​មជ្ឈ​មណ្ឌល​ INTERNATIONAL ASSESSMENT AND STRATEGY CENTER វាយ​តម្លៃ​ថា ចិន​ពេល​នេះ​ប្រមូល​ប្រាក់​ដល់​ទៅ​ជាង​៣០០​ពាន់​លាន​ដុល្លារ​(២៣០​​ពាន់​លាន​អឺរ៉ូ​) សម្រាប់​កង​ទ័ព​របស់​ខ្លួន​ដែល​ជា​កង​ទ័ព​ធំ​ជាង​គេ​លើ​ពិភព​លោក ជា​មួយ​ទាហាន​ដល់​​ទៅ​២,៣​លាន​នាក់ ។​ ការ​​ចំណាយ​ប្រាក់​ច្រើន​បែប​នេះ​មក​ពី​កម្ម​វិធី​អវ​កាស​ត្រួត​ត្រា​ដោយ​ពួក​យោធា​ ព្រម​ទាំង​ការ​ថែ​រក្សា​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន ។

ចំណែក​លោក​​ ARTHUR DING អ្នក​​ជំនាញ​ការ​ម្នាក់​របស់​កង​ទ័ព​ចិន​ប្រចាំ​នៅ​តៃ​វ៉ាន់​​និយាយ​ថា ការ​បង្កើន​ថវិកា​យោ​ធា​ពុំ​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​​កំណើន​សេដ្ឋ​កិច្ច​របស់​ចិន​ជួយ​ទ្រ​ទ្រង់​​ដល់​ការ​បង្កើន​នោះ ។ទោះ​បី​ជា​យ៉ាង​ណា​ លោក ARTHUR DING ថ្លែង​ថា ការ​ធ្វើ​ទំនើប​ភាវូប​នីយ​កម្ម​ និង​ពង្រីក​កម្លាំង​ការ​ពារ​ដូច​ជា បណ្តា​នាវាប្រយុទ្ធ បណ្តា​​យន្ត​ហោះ​ប្រដេញ​ និង​ដឹក​ជញ្ជូន ​នាវា​ផ្ទុក​យន្ត​ហោះ ប្រព័ន្ធ​ប្រឆាំង​ផ្កាយ​រណប ព្រម​ទាំង​ឧបករណ៍​​នៅ​លើ​ដី ការ​ពារ​ប្រឆាំង​មីស៊ីល​ ចាំ​បាច់​ត្រូវ​ការ​នូវ​ទុន​វិនិយោគ​ដ៏​មហិមា​មួយ ៕