សារអេឡិចត្រូនិច
ពួក​ឧទ្ទាម​ស៊ីរី​ ទទួល​បាន​ជោគជ័យ​សំខាន់​មួយ ​ដោយ​វាយ​ដណ្តើម​កាន់​កាប់​ក្រុង​រ៉ា​កា


ពួក​ឧទ្ទាម​ស៊ីរី​កាលពី​ថ្ងៃទី​៤ មីនា ​ដណ្តើម​បាន​ជោគ​ជ័យ​ដ៏​ធំ​បំផុត​​មួយ​តាំងពី​ចាប់ផ្តើម​ការ​​បះ​បោរ​មក​ដោយ​វាយ​កាន់​កាប់​ទី​ប្រជុំ​ជន​ខេត្ត​​មួយ​​ ខណៈ​ដែល​ក្រុងវ៉ាស៊ីនតោន​គាំ​ទ្រដោយ​ចំហ​ចំពោះ​ការ​ផ្តត់​ផ្គង់​អាវុធ​របស់​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​​ពែ​រ្ស៍​​ឱ្យ​ដល់​ពួក​ឧទ្ទាម​និយម​កណ្តាល ។

ក្រោយ​ការ​វាយ​ប្រហារ​មួយ​កាលពី​ថ្ងៃទី​៤ មីនា ​ក្នុងដែន​ដី​​​អ៊ីរ៉ាក់ ​ដែល​បណ្តាល​​ឱ្យ​​ទាហាន​ស៊ីរី​៤៨​នាក់ ​និង​ឆ្នាំ​ព្រំដែន​​​​អ៊ីរ៉ាក់ ​៩​នាក់​ស្លាប់​ ក្រុង​បាដាដ​សន្យា​ទប់ទល់​ចំពោះ​កា​រ​ប៉ុន​ប៉ង​ឱ្យ​វិបត្តិ​ស៊ីរី​រា​ល​ដាលចូល​ដល់​​​អ៊ីរ៉ាក់ ។អង្គការ​សិទ្ធិ​​មនុស្ស​ស៊ីរី​​សិ្នទ្ធ​​​ពួក​ឧទ្ទាម​OSDH រាយ​ការណ៍​ថានៅទី​ក្រុង​រ៉ាកា​ទី ប្រជុំ​ជន​ខេត្ត​មាន​ឈ្មោះ​ដូចគ្នា​នោះ​ពួក​ឧទ្ទាម​ដណ្តើម​ត្រួត​ត្រា​ទី​ក្រុង​នេះ​ស្ទើរ​ទាំងស្រុង ​។ ការប្រយុទ្ធ​គ្នា​នៅ​បន្ត​ហើយ​ទីក្រុង​នោះ​រងការ​វាយ​ប្រហារ​ដោយ​កង​យន្ត​ហោះ​​រដ្ឋាភិបាល ។

លោក​រ៉ាមី ​អាប់​ដែល​ រ៉ា​ហ៍​ម៉ាន់ ​នាយ​ក​របស់​​OSDH និយាយ​ថា ​ក្នុង​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​ក្រុង​រ៉ាកា​នឹងជា​ទី​ប្រជុំ​ជន​​ខេត្ត​ដំបូង​គេ​ដែល​​របូត​​​ពីការ​គ្រប់គ្រង​របស់​​របប​ក្រុង​ដា ម៉ាស់ ។ លោក​បន្ត​ថា គឺពួក​ជី​ហាដ​និយម​នៃ​រណ​សិរ្ស​ FRONT AL NOSRA ជាសម្ព័ន្ធ​មិត្ត​របស់​ក្រុម​​ឧទ្ទាម​ដទៃ​ៗ​ទៀត ​ជាអ្នក​ប្រយុទ្ធ​​ក្នុង​ទី​ក្រុង​នោះ។រូបចម្លាក់​មួយ​របស់​អតីត​​ប្រធានា​ធិបតី​​​​លោក​​ហា​ហ្វេស​អាល់​អាសាដ​ជា​​ឪពុក​របស់​ប្រធានា​​ធិបតី​បច្ចុប្បន្ន​លោក​បាចា​​អាល់​​អាសាដ​បាន​​ត្រូវ​​​ផ្តួល​កម្ទេច ​។ ​OSDH បញ្ជាក់​ថា ​ព័ត៌​មាន​ទាំង​ឡាយ​រៀប​រាប់​ពីការ​ស្លាប់​ប្រមុខ​ប៉ូលិស​ម្នាក់​ ហើយ​​ប្រមុខ​សន្តិ​សុខ​រដ្ឋ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​តួកគី ។

ស្ថិត​នៅ​ក្បែរ​ព្រំដែន​តួកគី​ទី​ក្រុង​រ៉ាកា​មាន​ប្រជាជន​២៤០.០០០​នាក់ ​ក៏​ប៉ុន្តែ​​មនុស្ស​ជាង​៨០០.០០០​នាក់​​បាន​រត់​មក​រស់​នៅ​ទី​ក្រុង​នោះ ​តាំង​ពី​ចាប់​ផ្តើម​ជ​ម្លោះ​ពីខែ​មីនា​ឆ្នាំ​២០១១​មក ។ ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី​ជា​សមាស​ភាពសំខាន់ ​នៃ​ក្រុម​ចម្រុះ​ប្រឆាំង​ស៊ីរី​សម្តែង​ក្តី​រីក​រាយ​ថា ប្រជាជន​ស៊ីរី​ជួប​នឹង​ទិវា​ប្រវត្តិ​សាស្ត្រ​​មួយ​នា​ពេល​​នេះ​​ជា​មួយ​ការ​ដណ្តើម​កាន់​កាប់​ទី​ក្រុង​រ៉ាកា ។ ក្រុម​​នោះ​ហៅ​ការវាយ​​យក​បាន​ទី​ក្រុងនេះ​​​ថា ​ជា​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​មួយ ។

ផ្ទុយ​ទៅ​វិញ​កង​ទ័ព​រដ្ឋាភិបាល​បាន​ធ្វើ​ការ​វាយ​លុក​ដ៏​ធំ​មួយ​ ដើម្បី​ដណ្តើម​ការ​ត្រួត​ត្រា​សង្កាត់​ទាំងឡាយ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​ឧទ្ទាម​នៅ​ទី​ក្រុង​ហូម​ភាគ​កណ្តាល​ប្រទេស ។យោង​តាម​​តុល្យ​ការ​បណ្តោះ​អាសន្ន​របស់​OSDH ថា សរុប​មនុស្ស​យ៉ាង​តិច​១០៥​នាក់ ​បាន​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​នានា​​កាល​ពី​ថ្ងៃ​ទី​៤ មីនា ​នៅ​​​ស៊ីរី ។​​ ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក​​​លោកចច ឃ័រ​រី សន្យា​បន្ត​​ពង្រឹង​​កម្លាំង​ពួក​ប្រឆាំង​ស៊ីរី​ដោយ​ចេញ​មុខចំហ​គាំ​ទ្រ​ដល់​ការ​ផ្តត់​ផ្គង់​​អាវុធ ​ដល់​ពួក​ឧទ្ទាម​និយម​កណ្តាល​ដោយ​បណ្តា​ប្រទេស​នៅ​តំបន់​​ឈូង​សមុទ្រ​ពែរ្ស៍​ ។

នៅ​​អ៊ីរ៉ាក់ ​ទាហាន​ស៊ីរី​៤៨​នាក់​បាន​ត្រូវ​ស្លាប់​ក្នុងការពួន​ស្ទាក់​វាយ​ប្រហារ​មួយ​របស់​ពួក​​ភេរវ​​ករ​មួយ​ក្រុម​ដែល​ជ្រៀត​ចូល​ដែន​ដី​​​អ៊ីរ៉ាក់​ពី​ស៊ីរី ។ ​យោង​តាម​ក្រសួង​ការពារ​ប្រទេស​​អ៊ីរ៉ាក់ថា​ទាហាន​ស៊ីរី ដែល​គ្មាន​អាវុធ​ហើយ​ត្រូវ​របួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទឹកដី​ស៊ីរី​ជាច្រើន​នាក់​បាន​រត់​គេច​ខ្លួន​មក​​អ៊ីរ៉ាក់ដើម្បី​​​ព្យាបាល​របួស ​។

ពួកគេ​ត្រូវបាន​ដឹក​ដោយ​មានការ​អម​ការ​ពារ​​​​មក​កាន់​ស៊ីរី​វិញ​តាម​ការ​ទាក់​ទង​គ្នា​ផ្លូវ​ការ​ ក៏​ប៉ុន្តែ​នៅ តាម​ផ្លូវ​ពួកគេ​ធ្លាក់​ក្នុងការ​ពួន​ស្ទាក់​វាយ​ប្រហារ​មួយ​ដែល​​អ៊ីរ៉ាក់​ថា ជា​ការ​វាយ​ប្រហារ​ប្រឆាំង​អធិប​តេយ្យ​ភាព​​អ៊ីរ៉ាក់ ​និង​ដែនដី​ប្រទេស​នោះ​ដែល​ជាការ​រំលោភ​បំពាន​​យ៉ាង​​ច្បាស់​ដល់​សិទ្ធិ​មនុស្ស ។ការពួ​ន​ស្ទាក់​វាយ​ប្រហា​រ​នោះ​នៅ​ខេត្ត​អាន​បា ​ភាគ​ខាង​លិច​​​អ៊ីរ៉ាក់កើតមាន​២៤ម៉ោង ​ក្រោយ​ពី​ពួក​ប្រឆាំង​ស៊ីរី​ចោទ​ប្រកាន់​អីុរ៉ាក់​ថា ​ជ្រៀត​​​ជ្រែក​ចូល​កិច្ច​ការស៊ីរី ៕