សារអេឡិចត្រូនិច
​ធ្លាក់​​យន្ត​ហោះ​ ០១​គ្រឿង​ ​លើ​​ទីក្រុង​មួយ​នៅ​កុង​ហ្គោ​ ស្លាប់​ប្រមាណ​ ៤០នាក់​


សាក្សី​ទាំង​ឡាយ​រាយ​ការណ៍​ថា យន្ត​ហោះ​មួយ​គ្រឿង​ធុន​ FOKKER50 របស់​ក្រុម​ហ៊ុន​​អា​កាស​​ចរណ៍​ CAA បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​៤ មីនា ​នា​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ម៉ោង​ក្នុង​ស្រុក លើ​សង្កាត់​រដ្ឋ​បាល​មួយ​នៃ​​ទីក្រុង​ហ្គោ​ម៉ា ជា​ទី​ប្រ​ជុំ​​ជន​ ខេត្ត​​គីវូ​ខាង​ជើង​របស់​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​៤០​នាក់​ ហើយ​មនុស្ស​៣​នាក់​នៅ​រស់​រាន​មាន​ជីវិត។

យោង​តាម​ប្រភព​ទាំង​នេះ​ថា យន្ត​ហោះ​ដែល​ហោះ​ចេញ​ពី​ទីក្រុង​រ៉ែ​​LODJA​នៅ​​KASA-I-ORIENTAL មាន​មនុស្ស​ជិះ​ជាង​៣០​នាក់​ បាន​បង្ខំ​ចុះ​ពេល​យន្ត​ហោះ​នេះ​ជួប​នឹង​ខ្យល់​កួច​​មួយ​មក​ពី​ធាតុ​អាកាស​មិន​ល្អ ។ ការ​បង្ខំ​ចុះ​នោះ​មិន​អាច​សម្រេច​បាន​ ព្រោះ​មាន​ភ្លៀង ធ្លាក់​ខ្លាំង​ពេក​ក្នុង​ទីក្រុង​នោះ ។ ដូច្នេះ​យន្ត​ហោះ​បាន​ធ្លាក់​លើ​ផ្ទះ​មួយ​ដែល​ត្រូវ​បំផ្លាញ​ទាំង​ស្រុង ។ តុល្យ​ការ​អាច​ធ្ងន់​ធ្ងរ​ ដោយ​ពួក​អ្នក​សង្គ្រោះ​​កំពុង​បន្ត​លី​ក​កាយ​គំនរ​បាក់​បែក​ដើម្បី​ប្រមូល​សាក​សព​មនុស្ស​​ដែល​ស្លាប់​​​លើ​យន្ត​ហោះ​ និង​ស្លាប់​នៅ​លើ​ដី។

យោង​តាម​ប្រភព​ព័ត៌​មាន​លោក​ខាង​លិច​មួយ​ថា​​ អ្នក​ដំណើរ​ទាំង​អស់​ និង​បណ្តា​សមា​ជិក​ក្រុម​យានិក​ស្ថិត​ក្នុង​យន្ត​ហោះ​ដែល​មាន​ប្រមាណ​ជា​៣០​នាក់​ត្រូវ​ស្លាប់​ទាំង​អស់ ។ គ្រោះ​ថ្នាក់​យន្ត​ហោះ​តែង​កើត​មាន​ជា​រឿយ​ៗ​នៅ​សាធារណ​រដ្ឋ​ប្រជា​​ធិប​តេយ្យ​កុង​ហ្គោ ហើយ​រាល់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ប្រ​ទេស​នោះ​សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហ​ភាព​អឺរ៉ុប​ដែល​ហាម​ឃាត់​ក្រុម​ហ៊ុន​​ទាំង​នេះ​មិន​ឱ្យ​យន្ត​​ហោះ​​ពួក​​គេ​​ហោះ​ចូល​ដែន​​អាកាស​របស់​ខ្លួន ។

ការ​គ្រប់​គ្រង​យន្ត​ហោះ​មិន​បាន​ល្អ​ ហើយ​យន្ត​ហោះ​ភាគ​ច្រើន​ជា​យន្ត​ហោះ​ចាស់​ៗ ការ​ដឹក​លើស​ចំណុះ​ អវត្ត​មាន​នៃ​ការត្រួត​ពិនិត្យ​ ព្រម​ទាំង​ការ​មិន​គោរព​ច្បាប់​នៃ​សន្តិ​សុខ​ និង​លក្ខ​ខណ្ឌ​ឧតុ​និយម​មិន​ល្អ​ជា​រឿយ​ៗ​ បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ទាំង​នោះ​ ។ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០១២ មនុស្ស​៦​នាក់​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​យន្ត​ហោះ​មួយ​​ឯ​ព្រលាន​យន្ត​ហោះ​ក្រុង​ប៊ូ​កា​វូ ភាគ​ខាង​កើត​ប្រទេស ។ ក្នុង​ចំណោម​​ជន​រង​គ្រោះ​មាន​សមាជិក​សភា​១​រូប លោក AUGUSTIN KATUMBA MWANKE ៕