សារអេឡិចត្រូនិច
នាយករដ្ឋមន្ត្រី​ វេន ជា​បាវ ឡើង​បើក​សមាជ​ប្រជាជន​


ក្នុង​សុន្ទរកថា​បើក​សម័យប្រជុំ​សភា​ប្រចាំឆ្នាំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រី​ចិន​លោក វេន ជា​បាវ​បាន​សន្យា​រក្សា​កំណើនថេរ ប្រឆាំង​អំពើពុករលួយ​និង​ធ្វើអោយ​សុខមាលភាព​ប្រសើរឡើង​។​

លោក​វេន ក៏​បាន​អំពាវនាវ​អោយមាន​ការអភិវឌ្ឍន៍​មាន​តុល្យភាព​ឡើង​នៅក្នុង​សុន្ទរកថា​ស្តី​ពី​សមិទ្ធផល​អតីតកាល​និង​ផែនកា​រនា​ពេលអនាគត​។​ ​សមាជ​របស់​ប្រជាជន​ទូទាំង​ប្រទេស​នេះ​នឹង​ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការផ្លាស់ប្តូរ​ក្រុម​មេដឹកនាំ​មួយ​ទសវត្សរ៍​ម្តង​របស់​ប្រទេស​។​ លេខា​បក្ស​លោក​ស៊ី ជីន​ពីង​នឹង​ក្លាយជា​ប្រធានាធិបតី​ជំនួស​លោក​ហ៊ូ ជីន​ថាវ​។​ ចំណែក​លោក​វេន​ត្រូវគេ​រំពឹងថា​នឹង​ចូល​ជំនួស​ដោយ​​លោក​លី កេ​គាំង ជា​នាយករដ្ឋមន្ត្រី​។​

​របាយការណ៍​ការងារ​របស់​លោក​វេន កំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច​ចំនួន​៧,៥% ដូច​កំណើន​ឆ្នាំ​២០១២ ជា​​មួយ​នឹង​គោលដៅ​អតិផរណា​ចំនួន​៣,៥% និង​លោក​បាន​សន្យា​បង្កើត​ការងារ​ថ្មី​ជាង​៩​លាន​នៅតាម​ទីក្រុង​។​ លោក​វេន​បាន​និយាយថា​"​យើង​ត្រូវតែ​ធានា​និង​ធ្វើអោយ​ល្អប្រសើរ​សុខមាលភាពរ​បស់​ប្រជាជន​ដោយ​អោយ​អាទិភាព​ទាំង​ស្រុង​លើ​​វា​និង​ខិតខំ​ពង្រឹង​ការអភិវឌ្ឍន៍​សង្គម​"​។​

​អំពើពុករលួយ ដែល​ជា​ចំណុច​ផ្តោត​របស់​លោក​ស៊ី​បន្ទាប់ពី​លោក​ត្រូវបាន​តែងតាំង​អោយ​ដឹកនាំ​បក្ស​កាលពី​ខែវិច្ឆិកា ក៏​ជា​របៀប​​វារៈ​មួយ​ដែរ ដោយ​លោក​វេន​បាន​អំពាវនាវ​អោយ​ពង្រឹង​"​សេចក្តីថ្លៃថ្នូរ​នយោបាយ​"​និង​ការត្រួតពិនិត្យ​អំណាច​អោយបាន​ល្អ​ប្រ​​សើរ​ឡើង​។​

​លោក​បាន​និយាយថា​"​យើង​ត្រូវ​ធានា​ថា​អំណាច​នៃ​ការធ្វើ អនុវត្ត​ន៍​និង​ត្រួតពិនិត្យ​គោលនយោបាយ ទាំងពីរ​នេះ​ទប់​គ្នា​និង​ផ្តល់​​មុខ​ការ​អោយ​គ្នា​"​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​បាន​រាយការណ៍​ថា​ការចំណាយ​យោធា​នឹង​កើន​១០,៧%​រហូត​ដល់​ចំនួន​១១៥,៧០០​លាន​ដុល្លារ ។​

​ចំណាយ​យោធា​ចិន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​មាន​កំណើន​២​ខ្ទង់​ជាប់ តែ​អ្នកសង្កេតការណ៍​បាន​និយាយថា​តាមពិត​ការចំណាយ​ជាក់​ស្តែង​ខ្ពស់ជាង​នេះ​ឆ្ងាយ​។​តែ​ទោះជា​យ៉ាង​ណា​វា​នៅ​ទាប​ជាង​ចំណាយ​របស់​យោធា​អាមេរិក​ឆ្ងាយ​ណាស់​។​ ប្រតិភូ​ប្រមាណ​៣.០០០​នាក់​កំពុង​ចូលរួម​សមាជ រួមមាន​សមាជិក​យោធា លោកសង្ឃ តំណាង​ជនជាតិ​និង​ពួក​មេដឹកនាំ​ជំនួញ​។​

​ទោះជា​កាលវិភាគ​នៃ​សម័យប្រជុំ​នេះ​មិន​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​ក៏​នៅ​ចុងបញ្ចប់​នៃ​ព្រឹត្តិការណ៍​រយៈពេល​២​សប្តាហ៍​នេះ​​លោក​ស៊ី​នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​៕