សារអេឡិចត្រូនិច
ព្រះ​មហា​ក្សត្រី​យានី​អេលីហ្សាបែត​ទី ​2 ​យាង​ចូល​មន្ទីរ​ពេទ្យ​


ព្រះ​បរម​រាជ​វាំង​អង់​គ្លេស​ BUCKINGHAM រាយ​ការណ៍​ថា​ ព្រះមហាក្សត្រី​យានី​អេលី​ហ្សាបែត​ទី​២​នៃ​ចក្រ​ភព​អង់​គ្លេស​ បាន​យាង​ចូល​មន្ទីរពេទ្យ​កាល​ពីថ្ងៃ​ទី​៣​ មីនា ដោយសារ​ព្រះ​អង្គ​មាន​បញ្ហា​ក្រពះ ។​ព្រះបរម​រាជ​វាំង​ BUCKINGHAM គូស​បញ្ជាក់​ថា​ នោះ​ជា​វិធាន​ការប្រុង​ប្រយ័ត្ន​មួយ​។

អ្នក​នាំ​ពាក្យ​ព្រះ​បរម​រាជ​វាំង​ថ្លែង​ថា​ ព្រះមហា​ក្សត្រី​យានី​ត្រូវ​បានប​ញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ក្រោយ​ពី​មាន​អាការៈ​ឈឺ​ចុកចាប់​ក្នុង​ក្រពះ ។​ ព្រះ​អង្គ​យាង​ចូល​មន្ទីរពេទ្យ​គ្រាន់​តែ​ដើម្បី​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​វាយ​តម្លៃ​ជំងឺ​ព្រះ​អង្គ​ឱ្យ​ច្បាស់ ។​ ព្រះ​មហា​ក្សត្រី​យានី​ពេល​នេះ​គង់​នៅ​មន្ទីរ​ពេទ្យ​ KING EDWARD ទី​៧ ។​

ព្រះ​រាជ​ទស្សន​កិច្ច​របស់​ព្រះ​អង្គ​គ្រោង​ធ្វើ​នៅ​ប្រទេស​អ៊ីតាលី​ត្រូវ​លុប​ចោល​វិញ។​
ព្រះ​មហា​ក្សត្រី​យានី​អេលី​ហ្សាបែត​ទី​២​ នឹង​មាន​ព្រះ​ជន្ម​គម្រប់​៨៧​ព្រះ​វស្សា​នា​ខែ​ខាង​មុខ​នេះ​ ដោយ​ព្រះ​អង្គ​តែង​មាន​ព្រះ​រាជ​សុខ​ភាព​ល្អ​ជា​និច្ច។​ នេះ​ជា​លើកដំបូង​ហើយ​តាំង​ពី​១០​ឆ្នាំ​កន្លង​មក​នេះ​ ដែល​ព្រះ​អង្គ​យាង​ចូល​មន្ទីរ​ពេទ្យ​។ កាល​​ពី​ឆ្នាំ​២០០៣​ ព្រះ​អង្គ​ទ្រង់​ទទួល​ការ​វះ​កាត់​មួយ​ត្រង់​ក្បាល​ជង្គង់ ៕​