សារអេឡិចត្រូនិច
វាយ​ប្រហារ​ភេរ​វ​កម្ម​ 2​ នៅ​ក្រុង​ការ៉ា​ជី​ស្លាប់​ 45​នាក់​


ប្រភព​ព័ត៌​មាន​​មន្ទីរ​ពេទ្យ​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៤៥​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​ប្រមាណ​ជា​១៣៥​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​២​កាល​ពី​យប់​ថ្ងៃ​ទី​៣ មីនា ក្នុង​សង្កាត់​ប្រជា​​ជន​រស់​នៅ​ច្រើន​មួយ​នៃ​ទីក្រុង​កា​រ៉ា​ជី ជា​ទីក្រុង​កំពង់​ផែ​​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប៉ា​គី​ស្ថាន ។

លោក​ អាហ្វ​តាប ខាទ្រី អ្នក​ទទួល​ខុស​ត្រូវ​ខាង​សុខា​ភិបាល​ម្នាក់​និយាយ​ថា ចំនួន​អ្នក​ស្លាប់​អាច​​ឡើង​ដល់​៥០​នាក់​មក​ពី​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ធ្ងន់ ។ ចំណែក​មេ​ប៉ូលិស​ក្រុង​ការ៉ា​ជី​មួយ​រូប​លោក​ហ្វៃ​យ៉ាស ខាន់​ អះ​អាង​ថា គ្រាប់​បែក​ទី​មួយ​បាន​ផ្ទុះ​ដោយ​សារ​ការ​បញ្ជា​ពី​ចម្ងាយ​ រួច​ប៉ូ​លិស​ស្រាវ​ជ្រាវ​ពី​ការ​ផ្ទុះ​នៃ​គ្រាប់​បែក​ទី​២ ដែល​បង្ក​ឡើង​ដោយ​​ជន​អត្ត​ឃាត​ម្នាក់ ។ លោក​ហ្វៃ​យ៉ាស​ ខាន់​បន្ត​ថា គ្រឿង​ផ្ទុះ​ដែល​ប្រើ​សម្រាប់​ការ​វាយ​ប្រហារ​មាន​ទម្ងន់​ប្រមាណ​ជា​១៥០​គីឡូ​ក្រាម ។

អគារ​២​ដែល​មាន​ច្រើន​ជាន់​រួម​មាន​ផ្ទះ​ល្វែង​ដល់​ទៅ​២០០​រង​ការ​បំផ្លាញ​ ហើយ​មនុស្ស​ជា​ច្រើន​នាក់​អាច​កប់​ក្នុង​គំនរ​​បាក់​បែក​ ។ ហាង​ទំនិញ​ចំនួន​ប្រមាណ​ជា​១៥០​ត្រូវ​ភ្លើង​ឆេរ។ការ​វាយ​ប្រហារ​ទាំង​នេះ នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួល​ខុស​ត្រូវ​នៅ​ឡើយ​ ៕