សារអេឡិចត្រូនិច
បរិយាកាស​ក្នុង​បក្ស​ភឿ​ថៃ ​តានតឹង​នៅពេល​បក្សប្រឆាំង​ទំនង ​ឈ្នះ​កៅអី​ចៅហ្វាយក្រុង​បាងកក​


យោង​តាម​កាសែត​ថៃ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​បង្ហាញ​ថា​បន្ទាប់​ពី​សន្លឹក​ឆ្នោត​ ៩៦,២៧​ភាគរយ​ត្រូវ​បាន​រាប់​រួចហើយ​​លោក​ស៊ូ​ខុម ​បាន ផា​រី​បា​ត្រា មកពី​គណបក្ស​ប្រជាធិបតេយ្យ បានឈ្នះ​បាន​សម្លេង​ឆ្នោត​១,២​លាន​។​

លោក​ស៊ូ​ខុម ​បាន​ ទំនង​ជា​ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង​បាងកក ​បើ​យោង​តាម​លទ្ធផល​មិន​ផ្លូវការ​របស់​រដ្ឋបាល​ក្រុង​បាងកក​។​

​នៅ​ត្រឹម​ម៉ោង ​៦​និង​៣៧​នាទី​ល្ងាច ​រដ្ឋបាល​ក្រុង​បាងកក​បានបញ្ចប់​ការរាប់​សន្លឹក​ឆ្នោត​នៅ​ស្ថានីយ​ ៦.៣០៤​ក្នុងចំណោម​៦.៤៨0​ស្ថានីយ ឬ ស្មើនឹង​៩៦,២៧​ភាគរយ​។​

​លទ្ធផល​បង្ហាញ​ថា​លោក​ស៊ូ​ខុម​បាន​ទទួលបាន​សម្លេង​គាំទ្រ​១.២០២.៦១៤​នៅពេល​គូប្រជែង​មកបី​គណបក្ស​កាន់​អំណាច​ភឿ​ថៃ​​លោក​ពង់​សា​ផាត ពង់​ចារ៉ឺ​ន​បាន​១.០២៩.២៦៤​សម្លេង​។​

​ក្នុងពេល​ជាមួយ​គ្នា​បរិយាកាស​នៅ​ស្នាក់ការ​គណបក្ស​ភឿ​ថៃ ​បាន​ក្លាយជា​តានតឹង​បន្ទាប់​ពី​ការរាប់​សន្លឹក​ឆ្នោត​បាន​បង្ហាញ​ថា​បេក្ខជន​បក្សប្រឆាំង ​គឺ​ចៅហ្វាយក្រុង​ចាស់​មាន​សម្លេង​នាំមុខ​។​

​សូមបញ្ជាក់​ថា​បន្ទាប់ពី​ការ​បោះឆ្នោត​ចប់​ភ្លាម​នៅ​ម៉ោង​៣​រសៀល សមាជិក​បក្ស​ភឿ​ថៃ ​និង​អ្នកគាំទ្រ​បាន​អបអរ​ និង​ស្រែក​ហ៊ោរ​ជាមួយ​​នឹង​ភាព​រីករាយ​ក្រោយ​ពី​លទ្ធផល​ស្ទង់​មតិ​អ្នក​ចេញ​ពី​បោះឆ្នោត​បង្ហាញ​ថា​ឧត្តមសេនីយ៍​ប៉ូលិស ពង់​ សា​ផាត​ នាំ​មុខដាច់​។​

​តែ​បរិយាកាស​បាន​ប្រែជា​តានតឹង​និង​ជូរ​ផ្អូម​បន្ទាប់​ពី​លទ្ធផល​ឆ្នោត​ដំបូងៗ​នៅ​គ្រប់​សង្កាត់​បង្ហាញថា​បេក្ខជន​មកពី​បក្ស​ប្រជាធិបតេយ្យ​នាំមុខ​ទៅវិញ ​និង​គម្លាត​កាន់តែ​ឃ្លាតឆ្ងាយ​ទៅៗ​រហូត​ដល់​ល្ងាច​។​

​ពួក​អ្នកវិភាគ​និយាយ​ថា​លទ្ធផល​ឆ្នោត​នេះ​ជា​សារ​នយោបាយ​ស្មុគស្មាញ​មួយ​ហួស​អំពី​ថា​តើ​នរណា​នឹង​ដឹកនាំ​ការងារ​ប្រមូល​សម្រាម ​​និង​គ្រប់គ្រង​ទឹកជំនន់​របស់​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​ជាង​១០​លាន​នាក់​មួយ​នេះ​។​ វា​នឹង​ប្រាប់​អំពី​របៀប​ដែល​អ្នក​ក្រុង​បាងកក​ គិត​អំពី​ការបែកបាក់​ជាតិ ថាក់ស៊ីន ស៊ីណាវ៉ាត្រា គណបក្ស​ប្រជាធិបតេយ្យ​(​ក្រុម​អាវ​លឿង​)​ និង​មាគ៌ា​អនាគត​របស់​ប្រទេស​ទាំងមូល​៕